កម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៩៥។ អនុសញ្ញានេះបានចូលជាធរមានសម្រាប់កម្ពុជា នៅថ្ងៃទី១៧ខែមីនាឆ្នាំ១៩៩៦។
កម្ពុជា បានចាប់ផ្តើមអនុវត្តគម្រោងប្រែប្រួលអាកាសធាតុលើកដំបូងឈ្មោះថា “កសាងសមត្ថភាពកម្ពុជាដើម្បីរៀបចំរបាយការណ៍ជាតិលើកទី១ ស្តីពីការប្រែប្រួលអាកាសធាតុ” ក្នុងឆ្នាំ១៩៩៩។ គម្រោងនេះត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមូលនិធិបរិស្ថានពិភពលោក (GEF)។
គម្រោងនេះមានរយៈពេលបីឆ្នាំ ដែលមានគោលបំណងរៀបចំរបាយការណ៍ជាតិលើកទី១របស់កម្ពុជា ផ្ញើទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ ត្រូវបានចាត់ទុកជាជំហានទីមួយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តជាក់ស្តែងនូវអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ គម្រោងនេះបានជួយប្រទេសក្នុងការកសាងសមត្ថភាពបច្ចេកទេស និងផ្នែកស្ថាប័នប្រែប្រួលអាកាសធាតុ និងបានជួយលើកកម្ពស់ចំណេះដឹងប្រែប្រួលអាកាសធាតុសម្រាប់ស្ថាប័ន និងបុគ្គល ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់។
គម្រោងនេះបានបន្តក្នុងដំណាក់កាលទី២ រយៈពេល ១ឆ្នាំ ក្នុងឆ្នាំ២០០២។ ដំណាក់កាលនេះ បានជួយឱ្យប្រទេសអាចបន្ត និងពង្រឹងសមត្ថភាពប្រែប្រួលអាកាសធាតុដោយផ្តោតលើការកែលម្អសកម្មភាពនានា ដែលទាក់ទងនឹងកែលំអទិន្នន័យ និងមេគុណបញ្ចេញឧស្ម័នពីការប្រែប្រួលការប្រើប្រាស់ដី និងវិស័យព្រៃឈើ និងកសិកម្ម។ សកម្មភាពទាំងនេះ ត្រូវបានជ្រើសរើសមកអនុវត្ត ដោយសារភាពចាំបាច់នៃវិស័យទាំងនេះក្នុងបរិបទអភិវឌ្ឍន៍សេដ្ឋកិច្ច និងការបញ្ចេញ/ការស្រូបឧស្ម័នផ្ទះកញ្ចក់។
ខែសីហា ឆ្នាំ២០០២ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដើរតួនាទីជាជនបង្គោលថ្នាក់ជាតិនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ។ នៅប្រទេសកម្ពុជាមានតែអនុសញ្ញាបរិស្ថានអន្តរជាតិនេះតែមួយគត់ ដែលមានជនបង្គោលថ្នាក់រដ្ឋមន្ត្រី ដែលបានបញ្ជាក់ពីការទទួលស្គាល់នូវភាពចាំបាច់ និងឆន្ទៈដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ខែមិថុនា ឆ្នាំ២០០៣ ក្រសួងបរិស្ថានបានបង្កើតការិយាល័យប្រែប្រួលអាកាសធាតុកម្ពុជា (CCCO) ដោយប្រកាសលេខ ១៩៥ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣។ ការិយាល័យនេះ ទទួលខុសត្រូវរាល់សកម្មភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
ខែធ្នូ ឆ្នាំ២០០២ ក្រសួងបរិស្ថាន និង មជ្ឈមណ្ឌលរបស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP Risoe) ស្តីពីថាមពលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជំហានទី១ “ការអភិវឌ្ឍសមត្ថភាពសម្រាប់យន្តការអភិវឌ្ឍន៍ស្អាត (CD4CDM)” ដែលបានបញ្ចប់ដោយជោគជ័យក្នុងខែមេសា ឆ្នាំ២០០៣។ គម្រោងនេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុដោយក្រសួងការបរទេសប្រទេសហូឡង់ តាមរយៈកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP)។
បន្ទាប់មកការិយាល័យបានចាប់ផ្តើមអនុវត្តគម្រោង CD4CDM ដំណាក់កាលទី២ ក្នុងខែកក្កដា ឆ្នាំ២០០៣ រហូត ខែធ្នូ ឆ្នាំ២០០៥។ គោលបំណងរួមនៃកម្មវិធីនេះ គឺដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ និងអភិវឌ្ឍសមត្ថភាពស្ថាប័ន ធនធានមនុស្សក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីចូលរួមពេញលេញក្នុងដៃគូស្មើភាពជាមួយនឹងបណ្តាប្រទេសអភិវឌ្ឍ ក្នុងការបង្កើត និងអនុវត្តយន្តការអភិវឌ្ឍន៍ស្អាត (CDM)។ កម្មវិធីនេះ ត្រូវបានអនុវត្តដោយអង្គការ URC សម្រាប់UNEP ដែលជាការទទួលខុសត្រូវសម្រាប់កិច្ចសហការជាមួយស្ថាប័នជាតិពាក់ព័ន្ធ។ សម្រាប់កម្ពុជា គម្រោងនេះមានគោលបំណងចំនួន ៥៖
គោលបំណងទី១៖ បង្កើតនីតិវិធី និងរចនាសម្ព័ន្ធសម្រាប់អនុវត្តគម្រោងឱ្យទទួលបានជោគជ័យ។
គោលបំណងទី២៖ រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអត្ថប្រយោជន៍នៃអនុវត្តយន្តការអភិវឌ្ឍន៍ស្អាតសម្រាប់អ្នកពាក់ព័ន្ធ និងជំរុញការគាំទ្ររបស់រដ្ឋាភិបាលឱ្យចូលរួមអនុវត្ត។
គោលបំណងទី៣៖ ជួយរាជរដ្ឋាភិបាលក្នុងការបង្កើតអាជ្ញាធរជាតិទទួលបន្ទុកយន្តការអភិវឌ្ឍន៍ស្អាត។
គោលបំណងទី៤៖ សម្របសម្រួលការអភិវឌ្ឍសមត្ថភាពសម្រាប់វិស័យសាធារណៈ និងឯកជន ដើម្បីរៀបចំ និងធានាដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោង CDM ទៅតាមស្ថានភាពជាក់ស្តែង។
គោលបំណងទី៥៖ បង្កើតបណ្តាញគម្រោងដែលមានអនុវត្តជាគម្រោងCDM។
ខែសីហា ឆ្នាំ២០០៣ ការិយាល័យបានចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ ឈ្មោះថា “កម្មវិធីសកម្មភាពជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ” (NAPA) ដោយមានការគាំទ្រហិរញ្ញវត្ថុពី GEF តាមរយៈ UNDP។ គម្រោងនេះ មានគោលបំណងរៀបចំផែនការសកម្មភាពជាក់ស្តែងរបស់ប្រទេសក្នុងការដោះស្រាយតម្រូវការបន្ទាន់ និងភ្លាមៗ និងកង្វល់នានារបស់ប្រទេសដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
ខែតុលា ឆ្នាំ២០០៣ វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសាកល (IGES) នៃប្រទេសជប៉ុន បានចាប់ផ្តើមអនុវត្តកម្មវិធីកសាងសមត្ថភាពCDM សម្រាប់បណ្តាប្រទេសក្នុងទ្វីបអាស៊ី រួមទាំងកម្ពុជា “ការពង្រឹងសមត្ថភាពចម្រុះសម្រាប់យន្តការអភិវឌ្ឍន៍ស្អាត(ICS-CDM)”។ គោលដៅរបស់គម្រោង ICS-CDM គឺដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីនិងវិនិយោគិនពីប្រទេសជប៉ុន អាចចូលរួមពេញលេញក្នុងអនុវត្តគម្រោង CDM ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសម្ចាស់គម្រោង ដោយចីរភាព។ គម្រោង ICS-CDM ទទួលការឧបត្ថម្ភពីក្រសួងបរិស្ថាន នៃប្រទេសជប៉ុន (MoE-ជប៉ុន ) ។