ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ - ការប្រែប្រួលអាកាសធាតុ ត្រូវបានលើកមកពិភាក្សានៅក្នុងសិក្ខាសាលាស្របគ្នាទី៣ ស្តីពី បរិស្ថានក្នុងបរិបទនៃការអភិវឌ្ឍដោយចីរភាព ដែលរៀបចំដោយក្រសួងបរិស្ថានក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០១៥។
សិក្ខាសាលាស្របគ្នានេះ ប្រធានបទរងទី២ ស្តីពី ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានយកមកយកមកពិភាក្សាដោយផ្តោតទៅលើ បរិបទទូទៅ និងការចូលរួមរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ; បច្ចុប្បន្នភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា; បច្ចុប្បន្នភាព និងទិសដៅនៃការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានការប្រែប្រួលអាកាសធាតុ ការលើកស្ទួយជីវភាពសហគមន៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងការចូលរួមរបស់វិស័យឯកជន និងសង្គមស៊ីវិលក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
អនុសាសន៍សំខាន់ៗដែលទទួលបានពីតំណាងអង្គការពាក់ព័ន្ធនៅក្នុងសិក្ខាសាលាស្របគ្នានេះ រួមមាន៖
១) ជំរុញការកសាងស្ថាប័ន ពង្រឹងសមត្ថភាពបច្ចេកទេស កៀរគរធនធានហិរញ្ញវត្ថុ និងសិក្សាស្រាវជ្រាវ សំដៅអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឱ្យបានជោគជ័យ។
២) ពង្លឿនការរៀបចំរបាយការណ៍ ស្តីពី ការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ទៅកាន់អគ្គលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឱ្យបានមុនសន្និសីទបណ្តាភាគីលើកទី២១ នៅទីក្រុងប៉ារីស នាចុងឆ្នាំនេះ។
Test your climate change knowledge - get a chance to win a prize