ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Cambodia’s Intended Nationally Determined Contribution: Cambodia’s INDC) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី វេលាម៉ោង ៨:០០ ព្រឹក ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងប្រមូលមតិយោបល់ និងអនុសាសន៍នានាពីគ្រប់បណ្តាក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ទៅលើរបាយការណ៍ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលជារបាយការណ៍សំខាន់បញ្ជាក់អំពីការរួមចំណែករបស់ភាគីកម្ពុជាក្នុងការឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់អនុសញ្ញានេះ ក្នុងគោលបំណងជំរុញឱ្យពិភពលោកធ្វើសកម្មភាពដោះស្រាយការប្រែប្រួលអាកាសធាតុ។ បន្ទាប់មក របាយការណ៍នេះ នឹងត្រូវបានបញ្ជូនទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ មុនការរៀបចំសន្និសីទកំពូលបណ្តាភាគីជាសមាជិកនៃអនុសញ្ញា លើកទី២១ នាដើមខែធ្នូ ឆ្នាំ២០១៥ខាងមុខ នៅទីក្រុងប៉ារីស។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមផ្តិតយកព័ត៌មាន និងទិដ្ឋភាពក្នុងកិច្ចប្រជុំនេះ តាមការគួរ។
សម្រាប់អ្នកសារព័ត៌មាន សូមចុះឈ្មោះចូលរួមយកព័ត៌មានឱ្យបានមុន តាមរយៈលេខទូរស័ព្ទ ០៧៧ ៥៣ ៥៣ ៩២ ឬ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តាមរយៈលេខទូរស័ព្ទ ០១២ ៩៧១ ២២២ ឬអាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។។
Download:
កំណត់សម្គាល់៖
១) តើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ គឺជាអ្វី?
អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័តនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៩២ នៅទីក្រុងញូវយ៉ក និងបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ១៩៩២ នៅទីក្រុងរីយ៉ូដឺហ្សានេរ៉ូ នៃប្រទេសប្រេស៊ីល ដោយប្រទេសជាង១៥០ និងសហគមន៍អឺរ៉ុប។ គោលបំណងចម្បងនៃអនុសញ្ញានេះគឺ “ធ្វើឱ្យមានស្ថិរភាពកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស នៅត្រឹមកម្រិតមួយដែលអាចទប់ស្កាត់ការរំខានប្រកបដោយគ្រោះថ្នាក់ពីសកម្មភាពមនុស្សមកលើប្រព័ន្ធអាកាសធាតុ”។ អនុសញ្ញានេះចែងអំពីការប្តេជ្ញាចិត្តរបស់បណ្តាភាគីទាំងអស់។ អនុសញ្ញានេះ ចូលជាធរមាននៅខែមីនា ឆ្នាំ១៩៩៤។ នៅឆ្នាំ១៩៩៧ អនុសញ្ញានេះបានអនុម័តឱ្យមានពិធីសារក្យូតូ។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នដល់អនុសញ្ញានេះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៥ ក្រោយពីការបង្កើតក្រសួងបរិស្ថានបានពីរឆ្នាំ។
២) តើការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Cambodia’s INDC) គឹជាអ្វី?
នៅក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បណ្តាប្រទេសនៅទូទាំងពិភពលោក បានប្តេជ្ញាចិត្តបង្កើតកិច្ចព្រមព្រៀងអាកាសធាតុអន្ដរជាតិថ្មីមួយដែលនឹងត្រូវបូកសរុបនៅក្នុងសន្និសីទបណ្តាភាគីលើកទី២១(CoP21) នៃUNFCCCនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។ ក្នុងការរៀបចំរបាយការណ៍នេះ បណ្តាប្រទេសនានា បានឯកភាពបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅក្រោមកិច្ចព្រមព្រៀងអន្ដរជាតិថ្មីមួយ ហៅថា “ការចូលរួមចំណែក ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (INDC)”។ ការរួមចំណែកជាសកលនេះ បាននាំមកនូវអភិក្រមពីថ្នាក់ក្រោមទៅលើ ដើម្បីរៀបចំគោលជំហររបស់ប្រទេសមួយដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតាមប្រព័ន្ធថ្នាក់ជាតិ ដើម្បីកាត់បន្ថយកំណើនសីតុណ្ហភាពមធ្យមរបស់សកលលោក ត្រឹម ២អង្សាសេ។
ប្រទេសកម្ពុជាទទួលស្គាល់តម្រូវការឱ្យប្រទេសទាំងអស់ចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយដើម្បីរួមចំណែកសម្រេចបាននូវគោលដៅរបស់ UNFCCC នេះ ប្រទេសកម្ពុជាមានក្តីសោមនស្សក្នុងការរៀបចំរបាយការណ៍ចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (INDC) ឱ្យបានមុនកិច្ចប្រជុំកំពូលបណ្តាភាគីលើកទី២១ នៅទីក្រុងប៉ារីស។
ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ប៉ុន្តែទទួលរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការរួមចំណែករបស់កម្ពុជាចាំបាច់ត្រូវបន្ស៊ីទៅនឹងអាទិភាពអភិវឌ្ឍន៍របស់ប្រទេស។ ដូច្នេះ របាយការណ៍ INDC នឹងរួមបញ្ចូលសមាសភាគបន្ស៊ាំ និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយផ្អែកលើស្ថានភាពប្រទេសជាតិ និងបន្ស៊ីជាមួយសេចក្តីសម្រេចរបស់ UNFCCC 1/CP.19 and 1/CP.20។
Test your climate change knowledge - get a chance to win a prize